៤,៧៦៩,១៩៧នាក់ជាតួលេខសរុបនៃភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥។ ចំនួននេះ មានការកើនឡើង ២,៤៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខភ្ញៀវទេសចរនេះ ត្រូវបានលម្អិតដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ កាលពីពេលថ្មីៗនេះ។
ក្នុងរបាយការណ៍នោះឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាង ៤,៧លាននាក់នេះ មានភ្ញៀវជាតិចំនួនជាង ៤,៣លាននាក់ កើន ០,៤៤ភាគរយ និងភ្ញៀវអន្តរជាតិចំនួនជាង ៤១ម៉ឺននាក់ កើន៣០,៤៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្ត ក៏លម្អិតអំពីមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ៥៦០ទីតាំង និងបុគ្គលិកជាង ១ម៉ឺននាក់។
សូមជម្រាបថា ខេត្តព្រះសីហនុ មានតំបន់គោលដៅទេសចរណ៍សំខាន់ៗដូចជា៖ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុងសន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិទាំងនេះបាន៕
ដោយ៖ ង៉ែត ពិសាន្ត



