ដើម្បីបំពេញបញ្ហាខ្វះគ្រូបង្រៀននៅតាមសាលាមតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការបង្រៀនបន្ថែមរហូតដល់ ៣១,៩៧៨នាក់ ក្នុងនោះកម្រិតបឋមសិក្សាដែលមានមតេយ្យសិក្សានៅជាមួយផង ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង ២៥,០០០នាក់។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងសហការជាមួយក្រសួងអប់រំក្នុងការធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យកាន់តែច្បាស់លាស់ ឈានទៅរៀបចំផែនការ និងយន្តការឱ្យបានច្បាស់ និងគ្រប់គ្រងគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព។ ចំណែក ក្រសួងក៏កំពុងពិភាក្សាពីការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តចំនួន២០ទៀត។ ក្នុងឆ្នាំ២០២៥ ក្រសួងអប់រំ បានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងខេត្តតាកែវរួចមកហើយ។
អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលគ្រូបឋម និងអនុវិទ្យាល័យមាន ២កម្មវិធី គឺ ១២បូក៤ និងបរិញ្ញាបត្របូក១ ដូច្នេះបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀន អាចជ្រើសរើសដាក់ពាក្យក្នុងកម្មវិធីណាមួយ។ ដោយឡែក គ្រូវិទ្យាល័យ គឺត្រូវមានបរិញ្ញាបត្រ ហើយរៀន២ឆ្នាំបន្តនៅវិទ្យាស្ថានគរុកោសល្យ៕
ដោយ៖ ង៉ែត ពិសាន្ត





