រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេសិទ្ធិមនុស្សកម្ពុជាអះអាងថាការសង់ផ្ទះឱ្យជនភៀសសឹកមិនមែនទទួលស្គាល់ការបាត់បង់ទឹកដីទេ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទេ ហើយរដ្ឋាភិបាលកំពុងប្រើគ្រប់យន្តការទាំងអស់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។

ខ្លឹមសារនេះត្រូវបានឯកឧត្តម កែវ រ៉េមី សរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ដើម្បីឆ្លើយតបចំពោះមតិមួយចំនួនមិនគាំទ្ររាជរដ្ឋាភិបាល ដោយចោទថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។

ឯកឧត្តមបានបញ្ជាក់ដោយឈរលើតថភាពជាក់ស្តែងថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃដែរ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។

ឯកឧត្តម កែវ រ៉េមី សង្កត់ធ្ងន់ថា ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបាននោះទេ។ ដូច្នេះ ឯកឧត្តម ពន្យល់ថា បើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឱ្យប្រជាជនវិញ តើត្រូវឱ្យជនភៀសសឹករបស់យើងរស់នៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? ។ ចំណុចនេះ ឯកឧត្តមចង់បញ្ជាក់ ជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។

ឯកឧត្តម បានអះអាងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់អ្នកដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ។ តែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។

ចាប់តាំងពីថៃបើកការឈ្លានពានទឹកដីខ្មែរជាលើកទី២ ក្នុងឆ្នាំ២០២៥ បានចូលហ៊ុមព័ទ្ធយកទឹកដីខ្មែរចំនួន១៤ទីតាំង ចាប់តាំងពីព្រំដែនខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដែលនាំឱ្យពលរដ្ឋប្រមាណ ៧ម៉ឺន៥សែននាក់នៅមិនទាន់អាចត្រលប់ទៅកាន់ផ្ទះសំបែងរបស់ពួកគេវិញបាននៅឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…