រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ទី២ បង្ហាញពីព្រឹត្តិការណ៍សង្គ្រាមថៃឈ្លានពានកម្ពុជា និងការប្រមាថសាសនាហិណ្ឌូ ត្រូវបានតាំងបង្ហាញនៅរាជធានីភ្នំពេញ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោក តាន់ គឹមសួរ ប្រធានគម្រោង «សិល្បៈដើម្បីសន្តិភាព» បានឲ្យដឹងថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលតាំងបង្ហាញនៅរាជធានីភ្នំពេញ គឺជាផ្ទាំងគំនូរទី២ បន្ទាប់ពីបានរៀបចំតាំងបង្ហាញនៅខេត្តសៀមរាប។ លោកបានគូសបញ្ជាក់ថា ការបង្កើតផ្ទាំងគំនូរទស្សនីយភាពនេះ គឺជាការបង្ហាញស្នាដៃសិល្បៈដែលអាចបន្លឺសំឡេងទៅកាន់សហគមន៍ជាតិ និងអន្តរជាតិបានកាន់តែទូលំទូលាយ។

កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគម្រោង «សិល្បៈដើម្បីសន្តិភាព» បានចាប់ផ្តើមគូរផ្ទាំងគំនូរនេះ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ការគូរគំនូរនេះ ត្រូវបានគ្រោងប្រើរយៈពេល ១២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈតទៅ។

លោកបានបន្ថែមថា ផ្ទាំងគំនូរនេះបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងសង្គ្រាមថៃឈ្លានពានប្រទេសកម្ពុជា រួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការប្រមាថមើលងាយសាសនាហិណ្ឌូ។ សង្គ្រាមនេះក៏បានប៉ះពាល់ដល់សាសនាឥស្លាម និងសាសនាកាតូលិកផងដែរ។ បច្ចុប្បន្ន មានជនភៀសសឹកជិត ១០ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេបាននៅឡើយ។

ផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ទី២ នេះ មានកម្ពស់ ៥ម៉ែត្រ និងបណ្តោយ ៣៥ម៉ែត្រ តាំងនៅសួនច្បារមុខវត្តបទុមវតី ដោយប្រើរយៈពេលគូរចំនួន ១២ថ្ងៃ។

ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គម និងសារសន្តិភាពនេះ មានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផងដែរ។

ប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» មានគោលបំណងបង្ហាញពីស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតឡើង។ កម្ពុជា ស្គាល់យ៉ាងច្បាស់ពីគុណតម្លៃនៃសន្តិភាព ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន គាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី និងអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិ។

ការចូលរួមក្នុងគម្រោងនេះ បានឆ្លុះបញ្ចាំងពីបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការលើកកម្ពស់ការរួបរួមជាតិ ការចូលរួមរបស់យុវជន និងការកសាងសង្គមដែលមានសន្តិភាព និងអភិវឌ្ឍន៍ចីរភាព។ សិល្បៈ គឺជាមធ្យោបាយមួយដែលអាចភ្ជាប់មនុស្សគ្រប់ស្រទាប់ឲ្យរួមគ្នាជាធ្លុងមួយ។

គម្រោងនេះក៏បានបើកវេទិកាឲ្យយុវជន សិល្បករ និងសាធារណជន ចូលរួមបង្ហាញគំនិត និងសារសន្តិភាពរួមគ្នា។ វាបង្ហាញថា ទោះបីមានភាពខុសគ្នា ក៏យើងអាចរួមគ្នាកសាងសង្គមដែលមានភាពសុខដុមរមនា និងសន្តិភាពបានដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…