ខេត្តព្រះសីហនុ៖ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្ត បានចុះពិនិត្យវឌ្ឍនភាព និងបើកកិច្ចប្រជុំពិភាក្សា អំពីការពង្រឹងប្រសិទ្ធភាព និងគុណភាពអប់រំ នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ព្រមទាំងបិទបញ្ចប់ការងាររៀបចំ កសាង និងកែលម្អសាលា ដែលស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយដៃគូអភិវឌ្ឍន៍នានា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម សុខ គាង និង ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសម្រេចបានក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ បន្ទប់ទឹក បណ្ណាល័យ សួនកុមារ ទីលានកីឡា កន្លែងលក់ចំណីអាហារ ការដាំដើមឈើ ព្រមទាំងបន្ទប់រៀន ដែលមានសោភ័ណភាពស្តង់ដារ ទំនើប និងបរិស្ថានស្អាត។
ថ្នាក់ដឹកនាំបានបញ្ជាក់បន្ថែមថា សមិទ្ធិផលទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការពង្រឹងវិស័យអប់រំ ដោយធ្វើឲ្យសាលារៀនមានសោភ័ណភាព និងអនាម័យបរិស្ថានល្អប្រសើរ។
សាលារៀនគឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានតម្លៃ និងមិនអាចខ្វះបាន។ ដូច្នេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព និងអនាម័យ គឺជាចំណែកដ៏សំខាន់មួយ ក្នុងការជួយឲ្យសិស្សានុសិស្សទទួលបានការសិក្សារៀនសូត្រដែលមានគុណភាព និងបរិយាកាសល្អ។
នាឱកាសនោះ ថ្នាក់ដឹកនាំក៏បានណែនាំដល់នាយកសាលា លោកគ្រូ អ្នកគ្រូ ឲ្យបង្កើនការយកចិត្តទុកដាក់លើការអប់រំសិស្ស ទាំងផ្នែកចំណេះដឹង វិន័យ និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សីដែលមានចំណេះដឹងខ្ពង់ខ្ពស់សម្រាប់អនាគត។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ កុល

















