(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល បន្ទាប់ពីបានឃើញពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដែលកំពុងត្រូវបានអប់រំកែប្រែឱ្យចៀសផុតពីអំពើខុសច្បាប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែកុម្ភៈ។
ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់ដំបូន្មានថា ការប្រើប្រាស់គ្រឿងញៀនមានគុណវិបត្តិធ្ងន់ធ្ងរជាច្រើន ដែលវាប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្ត បំផ្លាញទំនាក់ទំនង បង្កើតបញ្ហាសង្គម និងសេដ្ឋកិច្ច។ អភិបាលខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំជើបរំជួលដូច្នេះថា «ខ្ញុំសប្បាយរីករាយនឹងជួបបងប្អូន តែខ្ញុំមិនចង់ជួបបងប្អូននៅទីនេះ (មណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន)»។
ទន្ទឹមគ្នានេះ អភិបាលខេត្តព្រះសីហនុ ក៏បានសង្កត់ធ្ងន់ៗអំពីដំណើរជីវិតរបស់មនុស្សម្នាក់ៗ ដែលមិនគួរលះបង់ពេលវេលានៅទីនេះ ដោយសារបញ្ហាការប្រើប្រាស់គ្រឿងញៀនបង្កើតបញ្ហាសេដ្ឋកិច្ច បង្កើនអត្រាឧក្រិដ្ឋកម្ម និងដាក់បន្ទុកលើសង្គម។
សរុបមក គ្រឿងញៀនអាចបំផ្លាញសរីរាង្គសំខាន់ៗរបស់មនុស្សដូចជាខួរក្បាល បេះដូង និងសួត ហើយវាអាចប៉ះពាល់ដល់ឥរិយាបថ និងការសម្រេចចិត្ត។ ដូច្នេះការជ្រើសរើសជីវិតដែលគ្មានគ្រឿងញៀន នឹងនាំទៅរកអនាគតដែលមានសុវត្ថិភាព សប្បាយរីករាយ និងជោគជ័យក្នុងជីវិតនាពេលអនាគត៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត













