ខេត្តព្រះសីហនុ៖ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់ភោជនីយដ្ឋានទឹកសាប និងកម្សាន្តតាមដងព្រែក ដែលត្រូវបានអភិវឌ្ឍដោយវិស័យឯកជន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមនេះ។
ឯកឧត្តមបានលើកឡើងថា ការចូលរួមរបស់វិស័យឯកជន គឺស្របតាមអភិក្រម “រួបរួមគ្នា តែមួយ” តាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគាំទ្រចំពោះការរៀបចំកន្លែងកម្សាន្តថ្មីៗរបស់វិស័យឯកជន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលំហែកាយ។ ទីតាំងថ្មីនេះ គឺជាការបំពេញបន្ថែមលើសក្តានុពលទេសចរណ៍ ក្រៅពីតំបន់ឆ្នេរ និងកោះ ដោយមានទាំងតំបន់អេកូទេសចរណ៍តាមដងព្រែក ការជិះទូកលំហែកម្សាន្ត កន្លែងជិះកង់លើទឹក និងម្ហូបអាហារឆ្ងាញ់ៗ ដែលធ្វើឲ្យសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែសម្បូរបែបបន្ថែមទៀត។
ឯកឧត្តម ហួត ហាក់ ក៏បានកោតសរសើរចំពោះការកែច្នៃប្រឌិតតំបន់ដងព្រែក ឲ្យក្លាយជាតំបន់កម្សាន្តទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅតំបន់ព្រៃទឹកសាប ដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ថ្មីនេះ ស្ថិតនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលមានទេសភាពស្រស់បំព្រង ព្រែក និងព្រៃកោងកាង ហើយជាទីកន្លែងលំហែកាយដ៏មានសក្ដានុពលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងក្នុងខេត្ត និងតាមបណ្ដារាជធានី–ខេត្តទូទាំងប្រទេស អញ្ជើញមកសម្រាកលំហែកម្សាន្តនៅខេត្តព្រះសីហនុ ដែលមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដូចជា តំបន់ឆ្នេរ តំបន់ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់ និងតំបន់ឧទ្យានជាតិ ដែលទាំងរដ្ឋ និងវិស័យឯកជន បាន និងកំពុងអភិវឌ្ឍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តកាន់តែច្រើនផងដែរ។ ដោយ៖ ប៉ៃ សុឃីម




















