ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវា SEABOURN ENCORE នាំទេសចរ៥២៩នាក់មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

នាវាទេសចរណ៍មកពីវៀតណាមបានចូលចតនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ដោយមានភ្ញៀវ៥២៩នាក់ និងនាវិក៤១៥នាក់ ហើយគ្រោងបន្តទៅថៃនៅយប់ថ្ងៃដដែល។

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥២៩នាក់ (ស្រី២៧១នាក់) បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE សញ្ជាតិ BAHAMAS បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវា១គ្រឿងនេះ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ការមកដល់របស់ភ្ញៀវទេសចរជាង៥រយនាក់នេះ ក៏មានការទទួលស្វាគមន៍យ៉ាងរុះរាយរាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំតំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងនោះ ក៏មានការប្រគល់«ក្រមារខ្មែរ» ដែលមានប៉ាក់រូបទង់ជាតិនៃប្រទេសកម្ពុជា និងឡូហ្គោតំណាង រដ្ឋបាលខេត្តព្រះសីហនុ ជូនភ្ញៀវទេសចរ ដើម្បីទុកជាវត្ថុអនុស្សាវរីយទៀតផង។

បើតាមរបាយការណ៍បញ្ជាក់ថា ភ្ញៀវទេសចរជាង ៥រយនាក់នេះ មាន២៣សញ្ជាតិ និងនាវិកចំនួន ៤១៥នាក់ (ស្រី ៨៨នាក់) មាន ៤៣សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ២៦១នាក់។ នាវានេះ នឹងចាកចេញទៅប្រទេសថៃ នៅម៉ោង ២០:០០នាទី នាថ្ងៃដដែល។ នាវាទេសចរណ៍ខ្នាតយក្ស  SEABOURN ENCORE មានបណ្តោយប្រវែង ២១០,៥០ ម៉ែត្រ ទទឹងប្រវែង ២៨,០០ ម៉ែត្រ និងជម្រៅ ៦,០០ ម៉ែត្រ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…