ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ បដិសេធព័ត៌មានថៃចោទកម្ពុជា បាញ់គ្រាប់បែក ៤០មីលីម៉ែត្រ នៅតំបន់ព្រំដែនព្រះវិហារ

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិបដិសេធការចោទអំពីការបាញ់ថ្ងៃទី២៤ កុម្ភៈ និងលើកឡើងពីទំនាក់ទំនងយោធា ព្រមទាំងការប្ដេជ្ញាអនុវត្តកិច្ចព្រមព្រៀងបន្ថយភាពតានតឹង។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការផ្សព្វផ្សាយរបស់ផេកយោធា និងសារព័ត៌មានថៃមួយចំនួន ដែលចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅក្បែរចំណុចល្បាតរបស់ភាគីថៃ នៅតំបន់ទល់មុខភូមិសាស្ត្រគោលប្រាំបី ចាក់ច្រែង ខេត្តព្រះវិហារ នៅវេលាម៉ោង ៨:៥០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងសេចក្តីប្រកាសនេះ លោកជំទាវ ម៉ាលី សុជាតា ឧត្តមសេនីយ៍ឯក និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើគឺមិនពិត និងអំពាវនាវឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលខ្វះមូលដ្ឋាន ព្រោះអាចបង្កការយល់ច្រឡំ និងជំរុញភាពតានតឹងនៅតាមបណ្តោយព្រំដែន។

យោងតាមព័ត៌មានពី Royal Cambodian Armed Forces (យោធភូមិភាគទី៤) បានឱ្យដឹងថា បន្ទាប់ពីឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើងពីខាងភាគីថៃ ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានធ្វើការទំនាក់ទំនងសាកសួរ និងផ្តល់ព័ត៌មានគ្នាភ្លាមៗ។ ភាគីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ខ្លួនមិនបានបាញ់ដូចការចោទប្រកាន់នោះឡើយ។

ក្រសួងការពារជាតិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត ដែលផ្តោតលើការកាត់បន្ថយភាពតានតឹង ការប្រឆាំងព័ត៌មានក្លែងក្លាយ និងការស្ដារប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ–អន្តរជាតិ សូមពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែករំលែក និងទទួលយកតែព័ត៌មានផ្លូវការ ដែលចេញផ្សាយដោយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីជៀសវាងការរួមចំណែកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

សេចក្តីប្រកាសនេះ បង្ហាញពីជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតំបន់ព្រំដែន ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងយោធា–យោធា ប្រកបដោយទំនួលខុសត្រូវ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…