គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេលពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបានភាគច្រើនបំផុត ត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតាមការបង្គាប់របស់តុលាការ នគរបាលក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារផងដែរ។
ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
របាយការណ៍ដដែលបញ្ជាក់ថា សកម្មភាពបង្ក្រាបក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែកុម្ភៈ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបានមិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើងដែលបង្កហេតុ ឬរត់គេចខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ក្នុងន័យប្រដូចថា សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះត្រឹមក្មេងទំនើងឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន៕
ដោយ៖ ង៉ែត ពិសាន្ត


