ខេត្តព្រះសីហនុ៖ អតីតយុទ្ធជនពិការជើងម្នាក់ នៅស្រុកស្ទឹងហាវ បានរីករាយទទួលអំណោយម៉ូតូអាគុយ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត លើសុខទុក្ខរបស់អតីតយុទ្ធជន។ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ម៉ូតូអាគុយចំនួន ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនអតីតយុទ្ធជនពិការជើងម្នាក់ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ។
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងប្រគល់អំណោយដោយផ្ទាល់ជូនដល់លោក សំ សារឿន (អតីតយុទ្ធជនមានពិការភាពដោយសារជាន់មីន) នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការផ្តល់ជូននាពេលនេះ មិនត្រឹមតែជាការជួយសម្រួលដល់ការធ្វើដំណើររបស់លោក សំ សារឿន ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងធានាថា «មិនទុកនរណាម្នាក់ចោលឡើយ» ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
«អំណោយនេះ គឺជាការចែករំលែកនូវក្ដីស្រឡាញ់ និងការគិតគូរពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះវីរភាពរបស់បងប្អូនអតីតយុទ្ធជនយើង»៕
ដោយ៖ ប៉ៃ សុឃីម






