នៅថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិក ដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។ AFP បានសរសេរព័ត៌មានពីរដាច់ដោយឡែកអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដោយផ្តោតលើការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់ និងការប្រឆាំងនឹងស្កេមអនឡាញ ហើយត្រូវបានសារព័ត៌មាននានានៅលើពិភពលោកបានដកស្រង់ទៅផ្សព្វផ្សាយបន្តជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៦ ខែកុម្ភៈ។
ជុំវិញបញ្ហាជម្លោះព្រំដែន កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មាន Reuters និង Fox News ដោយចង្អុលចំៗទៅកាន់ថៃថា កងកម្លាំងថៃបានកាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃបានគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេចធិបតីថា នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់។ កាលពីសង្គ្រាម២១ថ្ងៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានបាត់បង់ទីតាំងឈរយ៉ាងហោចណាស់ ១៤កន្លែង នៅក្នុងខេត្តចំនួន៤។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត




