យោងតាមប្រភពព័ត៌មានពីលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន ២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ជនសង្ស័យប្រុសស្រីទាំង ២១នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ជនជាតិចិន ១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ (ក្នុងនោះមានស្ត្រី ១នាក់) និងនេប៉ាល់ ២នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ All-in-One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារចម្រុះនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាន គ.ប.ឆ.ប.។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែម ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់កាលពីពេលកន្លងមកថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ៕ ដោយ៖ ប៉ៃ សុឃីម



