ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ប្រាក់ សុខុន លើកការចោទប្រកាន់របស់កម្ពុជាចំពោះថៃនៅហ្សឺណែវ និងអំពាវនាវឱ្យដកកងទ័ព

KPS99TV

សេចក្តីសង្ខេប

ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៦១ ថ្ងៃទី២៤ កុម្ភៈ លោក ប្រាក់ សុខុន បានលើកជំហរកម្ពុជា និងអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងនិងដកកងទ័ពថៃ។

ឯកឧត្តម ប្រាក់ សុខុន មេទ័ពការទូតកម្ពុជា បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយនិយាយចំៗអំពីទង្វើឈ្លានពានរបស់យោធាថៃដែលបានរំលោភបំពានចូលជ្រៅទៅក្នុងទឹកដីកម្ពុជា ការរារាំងពលរដ្ឋស៊ីវិលមិនឱ្យទៅផ្ទះសម្បែងវិញ ការបណ្តេញពលរដ្ឋដោយបង្ខំឱ្យចេញពីលំនៅឋាន ការផ្លិចផ្លាញផ្ទះសម្បែង ការរាយបន្លាលួស និងដាក់ទូរកុងតឺន័រ។

នៅលើវេទិកាជាអន្តរជាតិនោះ ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងថា យោធាថៃបានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារដោយបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា ខណៈបទឈប់បាញ់លើកទី២ដែលសម្រេចបានកាលពីចុងឆ្នាំ២០២៥នៅតែផុយស្រួយ។ ប្រមុខការទូតកម្ពុជា និយាយថា សកម្មភាពទាំងនេះកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិសន្តិសុខបុគ្គល សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិទទួលបានជម្រកសមរម្យ និងសេរីភាពទទួលបាននូវវប្បធម៌និងសាសនា។

បើតាមមេទ័ពការទូតរូបនេះ កម្ពុជាអំពាវនាវឱ្យមានការគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ការដកកងកម្លាំងយោធាថៃចេញពីទឹកដីកម្ពុជា ដែលវត្ថមានរបស់កងកម្លាំងទាំងនោះ នៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងការដោះស្រាយជម្លោះដោយសន្តិវិធី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…