ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិរាយការណ៍ពីដំណើររបស់ AOT នៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃទី២៦ កុម្ភៈ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា រាយការណ៍ថា AOT បានចុះតំបន់ប្រាសាទព្រះវិហារ ម៉ោង១០ព្រឹក ថ្ងៃទី២៦ កុម្ភៈ ដោយមានការសម្របសម្រួលពី CLG កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក កម្ពុជាបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា–ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏រំពឹងថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើ ដោយសុឆន្ទៈ និងភាពស្មោះត្រង់ ដូចកម្ពុជាដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…