ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរមីនកម្ពុជា អំពាវនាវឱ្យរាយការណ៍ករណីរកឃើញមីនតាមព្រំដែនដោយប្រុងប្រយ័ត្ន និងទំនួលខុសត្រូវ

KPS99TV

សេចក្តីសង្ខេប

អាជ្ញាធរមីនកម្ពុជាបានអំពាវនាវឱ្យរាយការណ៍ព័ត៌មានមីនតាមព្រំដែនដោយផ្អែកលើភស្តុតាង និងគាំទ្រការផ្ទៀងផ្ទាត់បច្ចេកទេសរួម ដោយបញ្ជាក់ជំហររបស់កម្ពុជាថាមិនបានដាក់មីនថ្មី។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន ដោយគូសបញ្ជាក់ថា ការរាយការណ៍ ឬការផ្សព្វផ្សាយព័ត៌មានណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សតាមបណ្តោយព្រំដែន ត្រូវអនុវត្តដោយភាពប្រុងប្រយ័ត្ន មានមូលដ្ឋានច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីជៀសវាងការបង្កការយល់ច្រឡំ ឬបង្កភាពតានតឹងដោយមិនចាំបាច់។

អាជ្ញាធរមីនបានបញ្ជាក់ថា កម្ពុជា នៅតែបន្តគោរព និងអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោម អនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដោយមានជំហរច្បាស់លាស់ថា មិនបានដាក់មីនថ្មីឡើយ ហើយគោលនយោបាយរបស់កម្ពុជា ចំពោះការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស គឺមានតម្លាភាព និងមិនមានការផ្លាស់ប្តូរ។

តំបន់ព្រំដែនកម្ពុជា–ថៃ នៅតែរងការគំរាមកំហែងធ្ងន់ធ្ងរពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកតាំងពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះត្រូវបានរកឃើញជាបន្តបន្ទាប់ ទាំងនៅភាគីកម្ពុជា និងភាគីថៃ។ ក្នុងបរិបទនេះ អាជ្ញាធរមីនបានអំពាវនាវឱ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញការបោសសម្អាត និងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន។

ជាមួយគ្នានេះ អាជ្ញាធរមីនបានបញ្ជាក់ថា ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត និងការបង្ហាញសេចក្តីសន្និដ្ឋានជាឯកតោភាគី ដោយគ្មានការផ្ទៀងផ្ទាត់បច្ចេកទេសរួម គឺមិនអាចចាត់ទុកថាជាការស្វែងរកការពិតប្រកបដោយវិជ្ជាជីវៈ និងស្មោះត្រង់បានឡើយ។ បញ្ហាមីន គឺជាបញ្ហាបច្ចេកទេស និងមនុស្សធម៌ ដែលតម្រូវឱ្យមានការសហការយ៉ាងជិតស្និទ្ធ ការត្រួតពិនិត្យរួម និងការវាយតម្លៃដោយតម្លាភាព។

អាជ្ញាធរមីនបានបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាណាមួយពាក់ព័ន្ធនឹងមីន ត្រូវអនុវត្តតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍នៅតាមបណ្តោយព្រំដែន។

អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា សកម្មភាពមីន មិនគួរត្រូវបានយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយឡើយ ព្រោះវិស័យនេះមានគោលបំណងមនុស្សធម៌ ក្នុងការជួយសង្គ្រោះជីវិត កាត់បន្ថយហានិភ័យ និងលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជា នៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងការកំណត់ខណ្ឌសីមាច្បាស់លាស់។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…