ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបរទេស៨១នាក់ក្នុងករណីឆបោកតាមអនឡាញនៅច្បារអំពៅ

KPS99TV

សេចក្តីសង្ខេប

សមត្ថកិច្ចរាយការណ៍ការឃាត់ខ្លួនជនសង្ស័យ៨១នាក់ រួមមានចិន៧២នាក់ និងមីយ៉ាន់ម៉ា៩នាក់ នៅច្បារអំពៅ ថ្ងៃទី២៦ កុម្ភៈ ដោយសង្ស័យពាក់ព័ន្ធការឆបោកស្នេហាតាមអនឡាញ។

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយក្នុង បុរីប៉េងហួត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងឃាត់ខ្លួនជនសង្ស័យជាបរទេសចំនួន ៨១នាក់ ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទាំង ៨១នាក់ រួមមានជនជាតិចិន ៧២នាក់ និងជនជាតិមីយ៉ាន់ម៉ា ៩នាក់ ត្រូវបានសង្ស័យថាប្រើប្រាស់យុទ្ធសាស្ត្រលួងលោមស្នេហា (Romance Scam) ដើម្បីទាក់ទាញ និងបោកប្រាស់ជនរងគ្រោះតាមអនឡាញ។

ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកជាង ៦០គ្រឿង ទូរសព្ទចំនួន ៤៨០គ្រឿង និងសម្ភារៈពាក់ព័ន្ធផ្សេងៗ ដែលបង្ហាញពីការរៀបចំប្រព័ន្ធប្រតិបត្តិការយ៉ាងមានរចនាសម្ព័ន្ធ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ ខណៈទីតាំងត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពបន្តទៀត។

ក្នុងរយៈពេលជាង ៨ខែកន្លងមក កម្ពុជា បានអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបំបែកសំបុកឧក្រិដ្ឋជនជាង ២០០ទីតាំង នៅរាជធានី-ខេត្តនានា។ ជនពាក់ព័ន្ធមានរហូតដល់ ២៦ សញ្ជាតិ ខណៈកាស៊ីណូ និងអគារសង្ស័យជាច្រើនត្រូវបានបិទខ្ទប់ ដើម្បីស្រាវជ្រាវបន្ថែម។

នៅខេត្តព្រះស៊ីហនុ តែប៉ុណ្ណោះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងសង្ស័យជិត ៩០កន្លែង និងបិទខ្ទប់ជាងពាក់កណ្តាល បង្ហាញពីការរឹតបន្តឹងការអនុវត្តច្បាប់លើបណ្តាញឆបោកឆ្លងដែន។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានបញ្ជាក់ថា អាជ្ញាធរកំពុងស៊ើបអង្កេតជាង ១០០ករណី ព្រមទាំងផ្តោតលើការតាមដានលំហូរហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិពាក់ព័ន្ធ ដើម្បីកាត់ផ្តាច់បណ្តាញមេខ្លោងឱ្យដល់ឬសគល់។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអនុញ្ញាតឱ្យក្លាយជាគោលដៅសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ ហើយរាល់បុគ្គល ឬអង្គភាពដែលពាក់ព័ន្ធ នឹងត្រូវទទួលទោសតាមច្បាប់ដោយម៉ឺងម៉ាត់។

ការបង្ក្រាបនៅច្បារអំពៅលើកនេះ មិនត្រឹមជាការបិទសំបុកឧក្រិដ្ឋកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងសន្តិសុខសង្គម ការពារជនរងគ្រោះ និងស្តារជឿជាក់លើបរិយាកាសវិនិយោគ និងសុវត្ថិភាពជាតិ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…