«ទោះបីជាពិភពលោកមានបម្រែបម្រួលខ្លាំងយ៉ាងណាក៏ដោយ ក៏កម្ពុជានិងចិននៅតែជាមិត្តដ៏ល្អមិនប្រួលប្រែឡើយ»។ នេះជាការលើកឡើងរបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសំណេះសំណាលជូនពរឆ្នាំថ្មី និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ។
ឯកឧត្តម វ៉ាង វិនពិន បានជម្រាបជូនថា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង តាមរយៈកិច្ចខិតខំប្រឺងប្រែងរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាអតីតសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺជាស្ពានមួយដែលរួមចំណែកជួយពួនជ្រុំមិត្តភាពកម្ពុជានិងចិនឱ្យក្លាយទៅជាមិត្តដែកថែបនៅក្នុងយុគសម័យថ្មី នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ដូចពេលបច្ចុប្បន្ននេះ។ នៅក្នុងប្រទេសចិន និងកម្ពុជា មានមិត្តចាស់ៗជាច្រើនដូចជាសម្តេច ហោ ណាំហុង ដែលខិតខំអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានលើកឡើងថា សម្តេច និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន គឺជាមិត្តភក្តិដ៏ល្អ និងមានអនុស្សាវរីយ៍ល្អៗ ធ្វើការជាមួយគ្នាយ៉ាងជោគជ័យជាច្រើន ដើម្បីពង្រឹងមិត្តភាពកម្ពុជានិងចិន ដែលសម្តេចមិនអាចបំភ្លេចបានឡើយ។ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងនៅពេលរំលឹកពីអនុស្សាវរីយ៍ទទួលទានអាហារជាមួយឯកឧត្តម វ៉ាង យី ដោយលោកបានទះស្មាសម្តេច និងនិយាយថា «មិត្តចាស់» ដែលពាក្យនេះ ធ្វើឱ្យសម្តេចចងចាំអស់មួយជីវិត។ សម្តេចបានផ្តាំតាមរយៈឯកឧត្តម វ៉ាង វិនពិន ឱ្យជួយសួរសុខទុក្ខឯកឧត្តម វ៉ាង យី ដែលជាមិត្តល្អរបស់សម្តេចផងដែរ ខណៈឯកឧត្តម វ៉ាង វិនពិន បានសន្យាថា នឹងធ្វើតាមបណ្តាំរបស់សម្តេច៕
ដោយ៖ ង៉ែត ពិសាន្ត






