កំពង់ស្ពឺ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជិត ៤,០០០នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ និងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល TYDA បានមានប្រសាសន៍ថា សកម្មភាពនេះជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធសាស្ត្ររដ្ឋាភិបាល ក្នុងការពង្រឹងការចូលដំណើរការសេវាសុខាភិបាលប្រកបដោយសមធម៌ និងគុណភាព ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់អត្តសញ្ញាណ ឬនិន្នាការណាមួយ។
លោកជំទាវបញ្ជាក់ថា គោលបំណងសំខាន់របស់ TYDA រួមមាន៖ (១) រួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាពខ្វះខាត និងតំបន់ជនបទដាច់ស្រយាល, (២) ជួយកាត់បន្ថយបន្ទុកចំណាយសុខាភិបាលរបស់គ្រួសារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ, និង (៣) ចូលរួមបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈការចូលរួមរបស់និស្សិត និងយុវជនស្ម័គ្រចិត្ត។
ក្នុងឱកាសនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជាង ៤០០នាក់ មកពីមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានានៅរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាពិនិត្យព្យាបាលលើជំងឺទូទៅ និងជំងឺឯកទេសមួយចំនួន។ សម្រាប់ករណីដែលត្រូវការព្យាបាលបន្តកម្រិតខ្ពស់ ក្រុមការងារនឹងសម្របសម្រួលបញ្ជូនទៅមន្ទីរពេទ្យឯកទេសនៅរាជធានីភ្នំពេញ ដោយមានការឧបត្ថម្ភតាមលទ្ធភាព។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ TYDA ដែលបានចុះបម្រើសុខភាពប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយចាត់ទុកថា សកម្មភាពនេះបានរួមចំណែកយ៉ាងមានន័យក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ និងបន្ថយបន្ទុកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នេះជាលើកទី៦ហើយដែល TYDA រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តកំពង់ស្ពឺ បង្ហាញពីការប្តេជ្ញាបន្តការងារមនុស្សធម៌ និងការគាំទ្រប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
ដោយ៖ KPS99TV


















