ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីសិទ្ធិមនុស្សកម្ពុជាលើកការចោទប្រកាន់អំពីការវាយប្រហាររបស់ថៃក្នុងកិច្ចប្រជុំអាយឆា

KPS99TV

សេចក្តីសង្ខេប

លោក ស៊ាង ចិន្តា បានលើកការចោទប្រកាន់របស់កម្ពុជាអំពីការវាយប្រហារ និងស្ថានភាពជនភៀសសឹក ក្នុងកិច្ចប្រជុំអាយឆាលើកទី៤២ នៅម៉ានីល តាមសេចក្ដីរាយការណ៍។

តាមរយៈកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លើកទី៤២ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម ស៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបកស្បែកមុខពិតរបស់ថៃឱ្យអង្គប្រជុំបានដឹង ដោយនិយាយចំៗថា សង្គ្រាមលើកទីពីររយៈពេល២១ថ្ងៃ យោធាថៃ បានប្រើសព្វាវុធសព្វបែបយ៉ាងដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ស៊ាង ចិន្តា បាននិយាយទៀតថា៖ «ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩,០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក»។

មន្ត្រីសិទ្ធិមនុស្សកម្ពុជា បន្ថែមថា អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបានធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាង ៥០,០០០នាក់ទៀត ភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ ឧបសគ្គដែលរារាំងដល់ការវិលត្រឡប់នេះ គឺបណ្តាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។

មន្ត្រីសិទ្ធិមនុស្សកម្ពុជារូបនេះ បាននិយាយបន្តទៀតថា សោកនាដកម្មបង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់និងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…