នៅក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០២ ខែមីនានេះ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានជម្រាបលោកជំទាវដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ជាមួយគ្នា លោកជំទាវ បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត






