ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីបើកសម្ពោធជាផ្លូវការផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» នៅសួនច្បារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ផ្ទាំងគំនូរដ៏ធំនេះ មានទទឹង ៥ម៉ែត្រ និងបណ្ដោយ ៣៥ម៉ែត្រ ប្រើរយៈពេលបង្កើត ១២ថ្ងៃ ដោយក្រុមវិចិត្រករ ដើម្បីឆ្លុះបញ្ចាំងអារម្មណ៍ឈឺចាប់ ការបាត់បង់ និងបទពិសោធន៍ដ៏លំបាក ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងបរិបទសង្គ្រាមឆ្នាំ២០២៥។ ស្នាដៃសិល្បៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជាក់ពីតម្លៃសន្តិភាព និងការរួបរួមជាតិ ជាជំហរចម្បងសម្រាប់អនាគត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ផ្ទាំងគំនូរនេះ មិនត្រឹមតែជាស្នាដៃសិល្បៈទេ ប៉ុន្តែជាកំណត់ត្រាប្រវត្តិសាស្ត្រដែលបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងអំឡុងពេលជម្លោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ស្មារតីការពារជាតិ និងការរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានក្លាយជាគ្រឹះរឹងមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» គឺជាផ្ទាំងទី២ បន្ទាប់ពីការសម្រេចបានផ្ទាំងទី១ នៅខេត្តសៀមរាប ហើយជាសញ្ញាបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជន និងសិល្បករ ក្នុងការបញ្ជាក់ស្មារតីជាតិ។ ឯកឧត្តមបញ្ជាក់ថា ផ្ទាំងគំនូរនេះឆ្លុះបញ្ចាំងអារម្មណ៍សោកសៅ កំហឹង និងការឈឺចាប់ដែលប្រជាពលរដ្ឋបានជួបប្រទះ ប៉ុន្តែមិនមានបំណងបញ្ឆេះការចងគំនុំ ឬសងសឹកចំពោះប្រទេសណាមួយឡើយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្នាដៃនេះជាការរំលឹកពីសច្ចៈធម៌នៃសង្គ្រាម ដែលនាំមកនូវវិនាសកម្ម និងការបាត់បង់គ្រប់វិស័យ ហើយជាការអំពាវនាវឱ្យគ្រប់ភាគីថែរក្សាសន្តិភាព និងសាមគ្គីភាពជាតិ។ ផ្ទាំងគំនូរមិនមែនគ្រាន់តែសម្រាប់ទស្សនាទេ ប៉ុន្តែជារូបតំណាងនៃស្មារតី «ខឿនការពារជាតិប្រជាជន» ដែលផ្អែកលើការរួបរួម និងការគោរពគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អញ្ជើញមកទស្សនាផ្ទាំងគំនូរនេះ ដើម្បីរួមចំណែកពង្រឹងស្មារតីសន្តិភាព និងការយល់ដឹងអំពីតម្លៃនៃការរួបរួមជាតិ។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដោយ៖ KPS99TV











