នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន–អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Sharon Toh អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចជំនួបនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងមានន័យស្ថាបនាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនទំនុកចិត្តវិនិយោគរវាងកម្ពុជា និងដៃគូអឺរ៉ុប។
ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ការសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងការអនុវត្តគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០។ ក៏ដូចជាការត្រៀមខ្លួនរបស់កម្ពុជាចំពោះដំណើរការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយធានាការរីកចម្រើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការបន្តធ្វើកំណែទម្រង់ស្ថាប័ន និងបរិយាកាសធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគិនអន្តរជាតិ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់។ ដោយ៖ KPS99TV





