ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន–កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរគោលនយោបាយជាតិពី “ការទប់ស្កាត់” ទៅជា “ការលុបបំបាត់ទាំងស្រុង” មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ការសម្រេចចិត្តដាច់ខាតនេះ មានគោលបំណងពង្រឹងអនុវត្តច្បាប់ ការអនុលោមភាពស្ថាប័ន និងការពារសុចរិតភាពនៃបរិយាកាសវិនិយោគ ឲ្យកាន់តែប្រសើរឡើង។ វាជាសារប្រកាសច្បាស់លាស់ថា កម្ពុជា មិនអនុញ្ញាតឲ្យសកម្មភាពឆបោកឌីជីថល បន្តប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ និងទំនុកចិត្តវិនិយោគិនឡើយ។
ក្នុងសុន្ទរកថា សម្ដេចធិបតីបានបង្ហាញថា កម្ពុជា មានអត្ថប្រយោជន៍យុទ្ធសាស្ត្រជាច្រើនសម្រាប់វិនិយោគិន រួមមាន ស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ ក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ និងការកែទម្រង់មានទិសដៅវែងឆ្ងាយ។
រាជរដ្ឋាភិបាលក៏បានបន្តខិតខំបង្កើតបរិយាកាសប្រតិបត្តិការដែលមានសុវត្ថិភាព អាចប៉ាន់ស្មានបាន និងកាត់បន្ថយហានិភ័យផ្នែកយុទ្ធសាស្ត្រ ដើម្បីបង្កើនទំនុកចិត្ត និងធានានិរន្តរភាពអាជីវកម្មរយៈពេលវែង។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន–កម្ពុជា ឆ្នាំ២០២៦ គឺជាវេទិកាសេដ្ឋកិច្ចសំខាន់ប្រចាំឆ្នាំ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសសមាជិកអាស៊ាន និងកម្ពុជា ក្នុងគោលបំណងឆ្លើយតបបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន និងស្វែងរកឱកាសវិនិយោគថ្មីៗសម្រាប់អនាគត។ ដោយ៖ KPS99TV



