ខេត្តព្រះសីហនុ៖ ការពិគ្រោះយោបល់ស្តីពីទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាពអំពីសហគមន៍នេសាទ ខេត្តព្រះសីហនុ និងខេត្តកោះកុង នៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) នាពេលនេះ មានសារៈសំខាន់ ដោយមានគោលបំណង៖ បង្ហាញ និងផ្សព្វផ្សាយទិន្នន័យ និងផ្ទាំងព័ត៌មានអំពីស្ថានភាពសហគមន៍នេសាទ និងធនធានជលផលតំបន់ឆ្នេរ ពិនិត្យ និងទទួលយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អគុណភាព និងភាពត្រឹមត្រូវនៃទិន្នន័យ បង្កើនសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់គេហទំព័រ ODC រួមមានការស្វែងរកទិន្នន័យ ការប្រើប្រាស់ផែនទីអន្តរកម្ម និងការចែករំលែកព័ត៌មាន ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រងធនធានធម្មជាតិ និងការចូលរួមសាធារណៈ។
ពិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីលោក ឌិន ប៊ុននឿន អភិបាលរងស្រុកព្រៃនប់ កញ្ញា អ៊ួន វិមល ប្រធានផ្នែកកម្មវិធី និងភាពជាដៃគូ នៃអង្គការ ODC និងតំណាងអង្គការ ActionAid កម្ពុជា។
លោក ឌិន ប៊ុននឿន អភិបាលរងស្រុកព្រៃនប់ បានមានប្រសាសន៍ថា ការទទួលព័ត៌មានពីសហគមន៍នាពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដូច្នេះត្រូវការជំរុញឱ្យមានការយល់ដឹង និងជំនាញប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ លោកបានថ្លែងអំណរគុណចំពោះអង្គការដៃគូ ដែលបានចូលរួមពង្រឹងសមត្ថភាពសហគមន៍នេសាទនៅស្រុកព្រៃនប់ ក្នុងការថែទាំ ការពារ និងអភិរក្សធនធានធម្មជាតិ។
លោកក៏បានបញ្ជាក់ថា សហគមន៍នេសាទទាំងអស់គួរចូលរួមសហការជាមួយដៃគូអង្គការដែលផ្ដល់ជំនួយ ដើម្បីពង្រឹងការការពារព្រៃលិចទឹកដែលមានសារៈសំខាន់ខ្លាំង ព្រោះជាជម្រកជីវៈចម្រុះគ្រប់ប្រភេទ ហើយអភិបាលរងស្រុកបានបង្ហាញការគាំទ្រដល់ដៃគូអភិវឌ្ឍន៍ និងសហគមន៍គ្រប់ពេលវេលា។
កញ្ញា អ៊ួន វិមល ប្រធានផ្នែកកម្មវិធី និងភាពជាដៃគូ នៃអង្គការ ODC បានលើកឡើងថា គម្រោងនេះអនុវត្តក្រោមកិច្ចសហការគាំទ្រមូលនិធិសហភាពអឺរ៉ុប តាមរយៈគម្រោងអង្គការ ActionAid មានរយៈពេល៣ឆ្នាំ អនុវត្តនៅខេត្តចំនួន៤ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសហការជាមួយដៃគូអង្គការតាមខេត្តនីមួយៗ និងអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
យ៉ាងណាមិញ ការទទួលបានព័ត៌មាននៅមិនទាន់ទូលំទូលាយនៅឡើយ ក្នុងបរិបទនេះ គេហទំព័រ «អង្គការទិន្នន័យអំពីការអភិវឌ្ឍ» ហៅកាត់ថា «ODC» ដែលជាមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុក បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជា អាចស្វែងរក និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យជាច្រើនដោយសេរី។ តាមរយៈទំព័រព័ត៌មានទិន្នន័យ និងឧបករណ៍ផែនទីនេះ អ្នកប្រើប្រាស់អាចទទួលបានព័ត៌មានកាន់តែងាយស្រួល និងទុកចិត្តបាន អំពីសហគមន៍នេសាទ ព្រៃលិចទឹក តំបន់អភិរក្សជលផល និងគម្រោងអភិវឌ្ឍន៍នានាទូទាំងប្រទេសកម្ពុជា ជាមួយមុខងារផែនទីអន្តរកម្ម តារាងព័ត៌មាន និងប្រភពឯកសារយោងសំខាន់ៗជាច្រើន នៅលើទំព័រតែមួយ។
ដើម្បីធានាថា ព័ត៌មានដែលបានផ្សព្វផ្សាយមានភាពត្រឹមត្រូវ ទាន់សម័យ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ អង្គការ ODC មានបំណងរៀបចំការពិគ្រោះយោបល់ស្តីពីទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាពអំពីសហគមន៍នេសាទ ខេត្តព្រះសីហនុ និងខេត្តកោះកុង នៅលើគេហទំព័រ ODC ដើម្បីពិនិត្យ និងទទួលមតិយោបល់លើព័ត៌មាន ទិន្នន័យ និងផ្ទាំងព័ត៌មានពាក់ព័ន្ធនឹងសហគមន៍នេសាទក្នុងខេត្តទាំងពីរ៕
ដោយ៖ ប៉ៃ សុឃីម
ដោយ៖ កែវ ដារ៉ា








