រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវាទេសចរណ៍ NORWEGIAN SUN ខ្នាតយក្សមួយគ្រឿង បាននាំភ្ញៀវទេសចរណ៍ និងនាវិកជិត ៣ពាន់នាក់ ចូលចតដល់កំពង់ផែក្រុងព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងអភិបាលរងខេត្ត មន្ទីរទេសចរណ៍ និងអភិបាលរងក្រុង បានទទួលស្វាគមន៍ភ្ញៀវទេសចរ ប្រកបដោយភាពកក់ក្តៅ និងរាក់ទាក់យ៉ាងក្រៃលែង ដោយបានរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងកម្មវិធីស្វាគមន៍ តាមរយៈការសម្តែងសិល្បៈរបាំជូនពរ ឆៃយ៉ាំ ព្រមទាំងផ្តល់វត្ថុអនុស្សាវរីយ៍ជាក្រមា ជូនដល់ភ្ញៀវទេសចរ ដែលបានអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។

នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS មានភ្ញៀវទេសចរចំនួន ១,៨៣១នាក់ ក្នុងនោះស្រី ១,០០៤នាក់ និងមាននាវិកចំនួន ៨៩១នាក់ ក្នុងនោះស្រី ២០១នាក់។ សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺ សហរដ្ឋអាមេរិក ហើយនាវានឹងចាកចេញទៅវិញនៅថ្ងៃដដែល។

នាឱកាសទទួលស្វាគមន៍ភ្ញៀវទេសចរនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ ហើយជាពិសេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធល្អ ស្អាត និងធំទូលាយ ព្រមទាំងមានតំបន់ទេសចរណ៍ជាច្រើនសម្បូរបែប ទាំងតំបន់ដីគោក ដីកោះ ឆ្នេរ ទេសចរណ៍វប្បធម៌ តំបន់ទឹកធ្លាក់ និងតំបន់កែច្នៃផ្សេងៗ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ធ្វើឱ្យខេត្តមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោក តាំង សុចិត្តគ្រឹសនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកតាមនាវាទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ភាគច្រើនទៅទស្សនាតាមតំបន់ឆ្នេរ ទីវត្តអារាម សាលារៀន ទីផ្សារ និងទីតាំងរូបសំណាកសំខាន់ៗក្នុងក្រុង។

លោកបន្តថា ចំនួននាវាទេសចរណ៍ដែលចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីខែមករា ដល់ដើមខែមីនា ឆ្នាំ២០២៦នេះ មានប្រមាណជាង ១០ នាវា និងមានភ្ញៀវទេសចរជាមធ្យមប្រមាណ ១ម៉ឺននាក់។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ទិសដៅរបស់រដ្ឋបាលខេត្ត និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កំពុងបន្តពង្រឹងការកែលម្អរមណីយដ្ឋាន និងបង្កើតតំបន់ទេសចរណ៍ទាក់ទាញថ្មីៗ ពិសេសជំរុញ និងគាំទ្រការវិនិយោគក្នុងការរៀបចំសហគមន៍ទេសចរណ៍ និងភូមិទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរដែលចង់ទៅទស្សនានៅតំបន់រាម និងព្រែកទឹកសាប ក្រុងកំពង់សោម។

ការរៀបចំនេះ មានគោលបំណងបង្កើនការទាក់ទាញឱ្យភ្ញៀវទេសចរទៅទស្សនាបានច្រើនកន្លែង ស្នាក់នៅបានយូរ និងសំខាន់បំផុតគឺដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូល ព្រមទាំងចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ និងថែរក្សាធនធានធម្មជាតិ និងធនធានវប្បធម៌ដែលមានស្រាប់ផងដែរ។

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…