ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគក្នុងខេត្ត

KPS99TV

សេចក្តីសង្ខេប

នៅរសៀលថ្ងៃទី៦ ខែមីនា អភិបាលខេត្តប៉ៃលិនបានជួបឯកអគ្គរដ្ឋទូតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ឱកាសវិនិយោគ និងការអភិវឌ្ឍខេត្ត។

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិន និងភាគីចិន ក៏ដូចជាជំរុញឱកាសវិនិយោគ និងការអភិវឌ្ឍក្នុងតំបន់។

ជំនួបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដោយលោកជំទាវអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្ថានភាពជាក់ស្តែងនៅខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច សន្តិសុខ ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសក្តានុពលសំខាន់ៗរបស់ខេត្ត ដែលអាចទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីដៃគូអន្តរជាតិ។

លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា–ចិន គឺជាមិត្តភាពប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រហូតក្លាយជាមិត្តភាពដែកថែបដ៏រឹងមាំ។ ក្នុងន័យនេះ ភាគីចិន និងប្រជាជនចិន ក៏បានចូលរួមគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងវិស័យជាច្រើន ដូចជា កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រ។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនប៊ីន បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ខេត្តប៉ៃលិន ក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីចិនចំពោះកម្ពុជា ក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ភាគីចិននឹងបន្តលើកទឹកចិត្ត និងជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត រួមទាំងខេត្តប៉ៃលិនផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…