រោងចក្រចម្រាញ់ប្រេងខ្មៅមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់និងរាលដាលដល់រោងជួសជុលគ្រឿងចក្រមួយកន្លែងទៀតដែលនៅជាប់គ្នា បណ្ដាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង ខណៈកម្លាំងនគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿងក្នុងការអន្តរាគមន៍ទប់ស្កាត់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ករណីនេះ បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ប៉ុន្តែមិនដឹងថាផ្ទុះអ្វីនោះឡើយ ហើយក្រោយមកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែដោយសារប្រេងច្រើនពេកមិនអាចគ្រប់គ្រងបាន ទើបសម្រេចទាក់ទងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជៀសវាងរាលដាលកាន់តែខ្លាំងឡើង។ ក្នុងករណីអគ្គិភ័យនេះបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅចំនួន០១ អស់ទាំងស្រុង ម៉ូតូសណ្ដោងរម៉កចំនួន០១គ្រឿង, សម្ភារៈមួយចំនួន និងបានឆេះរាលដាលដល់រោងជួសជុលគ្រឿងចក្រចំនួន០១ រួមនឹងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។
ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែក ប្រតិបត្តិការអន្តរាគមន៍វិញ កម្លាំងនគរបាលពន្លត់អគ្គិភ័យបានប្រើរថយន្ដពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៨គ្រឿង៕
ដោយ៖ ង៉ែត ពិសាន្ត







