ខេត្តព្រះសីហនុ៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងនិងកាត់បន្ថយការកកស្ទះចរាចរណ៍ខណះកំណើននៃការអភិវឌ្ឍនរបស់ខេត្តព្រះសីហនុមានការកើនឡើងទាំងពលរដ្ឋ ភ្ញៀវទេសចរនិងវិនិយោគគិន។
នារសៀលថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស រួមមានអភិបាលក្រុង ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្លូវបេតុង២ខ្សែ និងគម្រោងសាងសង់ផ្លូវបេតុងអាមេ (បេតុងឆ្អឹងដែក) ចំនួន ២ខ្សែទៀត ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាការចូលរួមចំណែកពីវិស័យឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសម្រាប់បម្រើផលប្រយោជន៍ជាសាធារណៈ។
សូមបញ្ជាក់ថា៖ ផ្លូវបេតុង២ខ្សែមានបណ្តោយសរុបជាង៨រយម៉ែត្រ ទទឹង៧ម៉ែត្រ និងគម្រោងផ្លូវកំពុងសាងសង់ ២ខ្សែមានបណ្តោយជាង៣រយម៉ែត្រ ទទឹង៨ម៉ែត្រ រួមមានរៀបចំប្រព័ន្ធលូទឹកភ្លៀងអមសងខាងផ្លូវដែលជាអំណោយរបស់សប្បុរសជនក្នុងខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការកសាងសមិទ្ធិផលថ្មីសម្រាប់ផលប្រយោជន៍រួមជាសាធារណៈ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សប្បុរសជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងជួយលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេសពហុបំណង និង មានសក្តានុពលសម្បូបែប។
ដើម្បីធានាបាននូវគុណភាពផ្លូវ និងសោភ័ណភាពយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នាហើយ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីបច្ចេកទេសឱ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចជា ត្រូវតភ្ជាប់បណ្តាញទឹកស្អាត អគ្គិសនី និងទុយោខ្សែកាបជាដើមនិង បញ្ឈប់ការអូសខ្សែរញ៉េរញ៉ៃលើអាកាស ដែលបង្កឱ្យបាត់បង់សោភ័ណភាពទីក្រុងរបស់យើង៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត




















