ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកផ្ដល់បទសម្ភាសន៍រៀបរាប់អន្ទាក់ពីការសន្យាការងារស្រួលនិងប្រាក់ខែខ្ពស់

KPS99TV

សេចក្តីសង្ខេប

យុវជនឥណ្ឌូនេស៊ីប្រើឈ្មោះដែលអ្នកយកព័ត៌មានកំណត់ និងបុរសប៉ាគីស្ថានរៀបរាប់បទពិសោធន៍ ខណៈរបាយការណ៍បង្ហាញតួលេខបង្ក្រាបរបស់កម្ពុជា។

ភ្នំពេញ៖ ការផ្សព្វផ្សាយអំពីការងារដែលអះអាងថា “ប្រាក់ខែខ្ពស់ និងការងារស្រួល” កំពុងក្លាយជាឧបាយកលមួយ ដែលក្រុមឧក្រិដ្ឋកម្មអនឡាញប្រើប្រាស់ដើម្បីទាក់ទាញយុវជនបរទេសឱ្យធ្លាក់ចូលក្នុងអន្ទាក់។ ករណីជាក់ស្តែងមួយ គឺយុវជនជនជាតិឥណ្ឌូនេស៊ី វ័យ២២ឆ្នាំម្នាក់ ដែលធ្លាប់ជាប់គាំងនៅកម្ពុជាជាង៣ឆ្នាំ បានព្រមានថា ការជឿលើព័ត៌មានអំពី “លុយស្រួលរក” អាចនាំឱ្យមនុស្សជាច្រើនក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រភេទនេះ។

និយាយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ យុវជនមកពីតំបន់ West Sulawesi បានឱ្យដឹងថា រូបគេបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដោយប្រើទិដ្ឋាការទេសចរណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ការសម្រេចចិត្តមកកម្ពុជានេះ គឺដោយសារមិត្តភក្តិម្នាក់បានប្រាប់ថា នៅកម្ពុជាមានការងារស្រួល និងអាចរកប្រាក់ខែចន្លោះពី ៨០០ ទៅ ១,០០០ ដុល្លារ ក្នុងមួយខែ។

យុវជនរូបនេះ ដែលអ្នកយកព័ត៌មានដាក់ឈ្មោះឱ្យថា អេនឌី អាហ្គូស បានរៀបរាប់ថា បន្ទាប់ពីមកដល់កម្ពុជា រូបគេ និងមិត្តម្នាក់ទៀតត្រូវបាននាំទៅខេត្តព្រះសីហនុ ដោយមានការសន្យាផ្តល់ប្រាក់ខែ ៨០០ ដុល្លារ ក្នុងមួយខែ។ ទោះជាយ៉ាងណា នៅពេលចាប់ផ្តើមធ្វើការ ប្រាក់ដែលរូបគេទទួលបានមិនដល់ ២០០ ដុល្លារ ទេ បន្ទាប់ពីក្រុមហ៊ុនបានកាត់ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងថ្លៃអាហារ។

អេនឌី មិនបានបញ្ជាក់លម្អិតអំពីប្រភេទការងារដែលរូបគេធ្វើនោះទេ ប៉ុន្តែបានអះអាងថា ក្រុមហ៊ុនមានថៅកែជនជាតិចិន ហើយរូបគេបានធ្វើការជាមួយមិត្តភក្តិដែលមកជាមួយគ្នាបានត្រឹមតែ មួយខែ ប៉ុណ្ណោះ មុននឹងបែកគ្នា។ ចំណែកមិត្តភក្តិដែលជាអ្នកបបួលឱ្យមកធ្វើការនៅកម្ពុជា ក៏មិនដែលបានជួបគ្នាវិញឡើយ ចាប់តាំងពីមកដល់ប្រទេសនេះ។

យុវជនរូបនេះបានបន្តថា ក្នុងរយៈពេលដែលរស់នៅកម្ពុជា រូបគេត្រូវបានផ្លាស់ទីកន្លែងធ្វើការជាច្រើនដង ចាប់ពីខេត្តព្រះសីហនុ ទៅមណ្ឌលគិរី កំពត ប៉ោយប៉ែត បាវិត និងចុងក្រោយគឺភ្នំពេញ។ រូបគេអាចរួចផុតពីស្ថានភាពនោះបាន បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការបង្ក្រាប។

ក្នុងករណីមួយផ្សេងទៀត បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលជួបនិយាយគ្នានៅចំណតមួយលើផ្លូវល្បឿនលឿន ភ្នំពេញ–ព្រះសីហនុ បានឱ្យដឹងថា រូបគេបានមកកម្ពុជាដើម្បីស្វែងរកការងារ ប៉ុន្តែក៏ជាប់គាំងនៅខេត្តព្រះសីហនុ។ បច្ចុប្បន្ន រូបគេកំពុងព្យាយាមរកផ្លូវត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីថៅកែជនជាតិចិនបានរត់ចោលក្រុមការងារប្រហែល មួយសប្តាហ៍ មកហើយ។

បុរសរូបនេះបានបញ្ជាក់ថា រូបគេក៏បានធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្មអនឡាញ ដោយសារការណែនាំពីអ្នកស្គាល់គ្នា ហើយក្នុងអំឡុងពេលធ្វើការ ពួកគេមិនអាចចេញចូលដោយសេរីបានឡើយ ដោយសារមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីអ្នកគ្រប់គ្រង។

តាមការបញ្ជាក់ពី លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងរយៈពេល ៨ ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាបានចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញជាង ២០០ ករណី នៅជាង ២,៥០០ ទីតាំង។ ក្នុងប្រតិបត្តិការទាំងនេះ អាជ្ញាធរបានបណ្តេញជនបរទេសជាង ៨,០០០ នាក់ និងកសាងសំណុំរឿងច្បាប់ប្រឆាំងមេខ្លោង និងបក្ខពួកជាង ៥០០ នាក់។ ជាមួយគ្នានេះ មានជនបរទេសជាង ២២៣,៦០០ នាក់ បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន។

ពាក់ព័ន្ធនឹងការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទនេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចាត់វិធានការបង្ក្រាបមិនមែនជាយុទ្ធនាការដែលមានកំណត់ពេលវេលានោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែង ដើម្បីការពារសន្តិសុខ និងអនាគតជាតិ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតីបានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋកម្មទាំងនេះ គឺធ្វើឡើងដើម្បីការពារប្រព័ន្ធសេដ្ឋកិច្ចស្របច្បាប់ និងអនាគតរបស់ប្រទេស។

សម្តេចបានពន្យល់ថា សេដ្ឋកិច្ចអាចបែងចែកជា ៣ ប្រភេទ គឺ សេដ្ឋកិច្ចខ្មៅ សេដ្ឋកិច្ចប្រផេះ និងសេដ្ឋកិច្ចស។ សេដ្ឋកិច្ចខ្មៅ និងប្រផេះពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬសកម្មភាពដែលអាចបង្កហានិភ័យ ខណៈសេដ្ឋកិច្ចស គឺជាសកម្មភាពស្របច្បាប់ ដូចជា កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងសេវាកម្ម។ រាជរដ្ឋាភិបាលប្តេជ្ញាមិនអនុញ្ញាតឱ្យសេដ្ឋកិច្ចខ្មៅ និងប្រផេះ ប៉ះពាល់ដល់សេដ្ឋកិច្ចស ដែលជាមូលដ្ឋាននៃជីវភាពប្រជាពលរដ្ឋឡើយ។

ជាក់ស្តែង ទីតាំងមួយចំនួនដែលធ្លាប់ត្រូវបានសង្ស័យថា ជាកន្លែងប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញធំៗ ដូចជា Mango Park 1 និង Mango Park 2 នៅខេត្តតាកែវ ក៏ដូចជាកាស៊ីណូ និងមជ្ឈមណ្ឌលជាច្រើននៅខេត្តព្រះសីហនុ ត្រូវបានបិទសកម្មភាព។

អ្នកបើកម៉ូតូកង់បីម្នាក់នៅក្រុងព្រះសីហនុ បានប្រាប់ថា មុនពេលបិទ ទីតាំងទាំងនោះមានសកម្មភាពចេញចូលយ៉ាងមមាញឹក ទាំងថ្ងៃទាំងយប់ និងមានបុគ្គលិកខ្មែរធ្វើការជាច្រើន។ ប៉ុន្តែបច្ចុប្បន្ន បរិយាកាសបានក្លាយជាស្ងប់ស្ងាត់ ដល់ថ្នាក់មើលទៅដូចជាទីតាំងដែលត្រូវបានបោះបង់ចោល៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…