ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសនានា ត្រូវតែពិនិត្យ និងទាមទារឯកសារបញ្ជាក់សិទ្ធិស្នាក់នៅស្របច្បាប់ពីជនបរទេស មុនអនុញ្ញាតឱ្យស្នាក់នៅក្នុងទីតាំងដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងការគ្រប់គ្រងត្រឹមត្រូវតាមច្បាប់។
ការថ្លែងបែបនេះត្រូវបានលើកឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ កិច្ចប្រជុំនេះមានការចូលរួមពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស និងអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ពីបទប្បញ្ញត្តិសំខាន់ៗ ដោយអំពាវនាវឱ្យម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងទាំងអស់ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក្នុងការរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសនៅក្នុងទីតាំងរបស់ខ្លួន។ ការរាយការណ៍នេះត្រូវធ្វើក្នុងរយៈពេលមិនលើសពី ២៤ម៉ោង ទៅកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។
ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្តក៏បានក្រើនរំលឹកយ៉ាងតឹងរ៉ឹងថា មុនអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ម្ចាស់ទីតាំងត្រូវតែពិនិត្យឯកសារបញ្ជាក់សិទ្ធិស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួនឡើយ។
លោកជំទាវបានបន្ថែមថា ក្នុងករណីដែលម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រង មានចេតនាលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសដែលចូលមកដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួន នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ ដោយមិនទាន់គិតបញ្ចូលទោសព្រហ្មទណ្ឌដែលអាចអនុវត្តបានតាមបទប្បញ្ញត្តិច្បាប់ជាធរមានឡើយ។
វិធានការនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងខេត្តប៉ៃលិន ឱ្យកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
ដោយ៖ KPS99TV













