រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ៊ឺរ៉ង់គំរាមកម្ទេចរោងចក្រប្រេងនៅទូទាំងតំបន់ខណៈតម្លៃប្រេងនៅលើពិភពលោកកំពុងហក់ឡើងថ្លៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចដ៏គ្រោះថ្នាក់បំផុតមួយទៀត បន្ទាប់ពីបញ្ជាការដ្ឋានយោធាកំពូលរបស់អ៊ីរ៉ង់ បានចេញឱសានវាទព្រមានវាយប្រហារលើរោងចក្រប្រេងនៅទូទាំងតំបន់ ដើម្បីជាការសងសឹកទៅនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានវាយប្រហារទម្លាក់គ្រាប់បែកមកលើខ្លួន។

ក្រោយពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ អ៊ីរ៉ង់បានបញ្ជាក់ច្បាស់ៗថា បើការវាយប្រហារនៅតែបន្ត នោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលជាមិនខាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉េនី សាហ្វេក (Yeni Safak) កាលពីថ្ងៃទី០៩ ខែមីនា។

ការបិទច្រកសមុទ្រ Hormuz រួមជាមួយការគំរាមវាយប្រហារលើប្រភពផលិតប្រេងក្នុងតំបន់របស់អ៊ីរ៉ង់ បាបង្ហាញឱ្យពិភពលោកកាន់តែព្រួយបារម្ភបំផុត ខណៈនេះគឺជា «អាវុធសេដ្ឋកិច្ច» របស់អ៊ីរ៉ង់ដែលកំពុងប្រើដើម្បីបង្កជាភាពវឹកវរដល់ពិភពលោកទាំងមូល។ ការណ៍នេះ បាននាំឱ្យតម្លៃប្រេងនៅលើពិភពលោកកំពុងហក់ឡើងថ្លៃខ្ពស់។

ចិនបានប្រកាសថា ដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតនៅទូទាំងប្រទេស។ ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីថ្ងៃទី០៩ ខែមីនា បានកំណត់ដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី១០ខែមីនាតទៅ បន្ទាប់ពីតម្លៃប្រេងអន្តរជាតិមានការកើនឡើងយ៉ាងគំហុក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) តម្លៃប្រេងសាំងនឹងកើនឡើងបន្ថែម ៦៩៥យ័ន ស្មើនឹងប្រហែល ១០០ដុល្លារអាមេរិក និងប្រេងម៉ាស៊ូតកើនឡើងបន្ថែម ៦៧០យ័នក្នុងមួយតោន ស្មើនឹងប្រហែល ៩៧ដុល្លារអាមេរិក។ តម្លៃនេះ នឹងត្រូវអនុវត្តរហូតដល់មានការប្រកាសជាផ្លូវការថ្មីមួយទៀតពី NDRC ដោយអាស្រ័យទៅលើការប្រែប្រួលនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។

រីឯ កម្ពុជាវិញ តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីយប់ថ្ងៃទី១០ ខែមីនា បានប្រកាសដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតនៅទូទាំងប្រទេសដូចចិនដែរ។ ក្នុងនោះ ប្រេងសាំងធម្មតាត្រូវកំណត់ឱ្យលក់ ៥២០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ។ តម្លៃនេះ មានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ យ៉ាងណា ការដំឡើងថ្លៃប្រេងនេះ មិនមែនមានតែប្រទេសចិន និងកម្ពុជានោះទេ សូម្បីតែបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកក៏ឡើងថ្លៃដូចគ្នាដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…