ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

VINCI Group ប្តេជ្ញាជំរុញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ហួត ហាក់ ជួបលោក Emmanuel Menanteau ថ្ងៃទី១០ ខែមីនា ដើម្បីពិភាក្សាវឌ្ឍនភាពអាកាសយានដ្ឋាន និងការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ។

ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិ VINCI Group ដែលមានឈ្មោះល្បីក្នុងការគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានធំៗនៅជុំវិញពិភពលោក បានបង្ហាញការប្តេជ្ញាបន្តពង្រឹងកិច្ចសហការជាមួយកម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន។

ការប្តេជ្ញានេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សា ភាគីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពអំពីសកម្មភាព និងវឌ្ឍនភាពនៃអាកាសយានដ្ឋានសំខាន់ៗនៅកម្ពុជា រួមទាំងអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងពិភាក្សាអំពីទស្សនវិស័យនៃវិស័យទេសចរណ៍ និងឱកាសសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន VINCI Group ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាអស់រយៈពេលកន្លងមក។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននៅអនាគត។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…