រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋ និងនិស្សិតកំពុងស្នាក់នៅមជ្ឈិមបូព៌ាត្រូវរទាក់ទងមកលេខ ៤ខ្សែនេះបន្ទាន់ បើមានបញ្ហាណាមួយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដោយធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ សិស្ស និងនិស្សិត ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់ បានណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាផងដែរ។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការ ណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ករណីប្រជាពលរដ្ឋ ឬសិស្ស-និស្សិតកម្ពុជា ត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មានសូមទាក់ទង មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម៖

១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (នាយកដ្ឋានកុងស៊ុល) + 855 12 652 497 ឬ 087 999 988

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ + 90 534 459 9689

៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត + 965 960 58678

៤. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប + 20 115 627 9999 ។

សូមជម្រាបថា សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានអូសបន្លាយរយៈពេល ១១ថ្ងៃហើយ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នៅតែបន្តតាមដានដោយយកចិត្តទុកដាក់ និងបង្ហាញក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…