ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីព្រមានស្ថានីយមានស្តុកតែមិនលក់ អាចប្រឈមពិន័យនិងដកអាជ្ញាបណ្ណ

KPS99TV

សេចក្តីសង្ខេប

លោកជំទាវ ចម និម្មល ថាមន្ត្រីនឹងពិនិត្យស្ថានីយបិទ និងស្នើឱ្យពលរដ្ឋរាយការណ៍ករណីក្លែងថាអស់ប្រេងដើម្បីរង់ចាំតម្លៃឡើង។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានបញ្ជាក់ថា មន្ត្រីក្រសួងកំពុងចុះពិនិត្យតាមស្ថានីយដែលបិទទ្វារទាំងអស់ ដោយលោកជំទាវបានព្រមានថា ម្ចាស់ស្ថានីយសាំងទាំងឡាយណាដែលមានសាំងស្ដុកទុកតែមិនព្រមបើកទ្វារចាក់ឱ្យអតិថិជន នោះនឹងត្រូវផាកពិន័យ និងឈានដល់ការសហការជាមួយក្រសួងរ៉េ និងថាមពលដកហូតអាជ្ញាប័ណ្ណទៀតផង។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា បញ្ហានៅពេលនេះមិនមែនទាក់ទងនឹងកង្វះប្រេងនាំចូលមកចែកចាយទេ តែដោយសារពលរដ្ឋទទួលដំណឹងមិនគ្រប់គ្រាន់។

លោកជំទាវព្រមានចំពោះស្ថានីយប្រេងទាំងឡាយដែលភូតកុហកថាអស់សាំងស្ដុកទុក ដើម្បីទុកលក់នៅពេលសាំងឡើងថ្លៃផងដែរ បន្ទាប់ពីលោកជំទាវសង្កេតឃើញថា ស្ថានីយសាំងមួយចំនួនពេលដែលរដ្ឋ បានចេញតារាងតម្លៃលក់រាយសម្រាប់លក់នៅថ្ងៃបន្ទាប់ ប៉ុន្តែស្ថានីយប្រេងសាំងទាំងនោះបានបិទទ្វារ ដើម្បីបើកនៅថ្ងៃដែលតម្លៃថ្មីអនុវត្តន៍តែម្ដង។ ម្ល៉ោះហើយ លោកជំទាវរដ្ឋមន្រ្តីស្នើដល់ពលរដ្ឋរាយការណ៍មកក្រសួងនៅពេលមានករណីនេះកើតឡើង ដើម្បីឱ្យមន្ត្រីការពារអ្នកប្រើប្រាស់ចុះពិនិត្យនិងមានវិធានការ។

កម្ពុជាមានស្ថានីយ និងដេប៉ូសាំងប្រមាណ៦៣០០កន្លែង ខណៈស្ថានីយ និងដេប៉ូប្រមាណ២០០០ បានប្រកាសបិទទ្វារបណ្ដោះអាសន្ន ក្នុងអំឡុងពេលមានបញ្ហាប្រេងឡើងថ្លៃខ្ពស់ព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…