ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជណ្ដើរត្រីស្ទឹងព្រែកត្នោតដាក់ឱ្យប្រើ ដើម្បីសម្រួលការបម្លាស់ទីត្រី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅពិធីសម្ពោធថ្ងៃទី១១ ខែមីនា លោក ឃុន សាវឿន បានលើកឡើងពីជំនួយអូស្ត្រាលី និងអត្ថប្រយោជន៍រំពឹងទុកដល់ធនធានត្រីនិងសន្តិសុខស្បៀង។

យោងតាមប្រសាសន៍របស់លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសពីប្រទេសអូស្ត្រាលី រួមជាមួយអាជ្ញាធរខេត្ត ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជណ្ដើរត្រី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចទំនប់តាអ៊ួន នាស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺជាជណ្ដើរត្រីនៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដែលត្រូវបានរំពឹងថា នឹងជួយបង្កើនផលិតភាពទិន្នផលត្រីពីមួយឆ្នាំទៅមួយឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជណ្ដើរត្រីនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ខេត្តកំពង់ស្ពឺ ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី។ សំណង់នេះត្រូវបានរចនាឡើង ដើម្បីជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រីប្រមាណជាង ១០០ប្រភេទ ក្នុងរដូវត្រីពង និងរួមចំណែកក្នុងការអភិរក្ស និងបង្កើនពូជត្រីផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសដៃគូអភិវឌ្ឍន៍ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវឱ្យត្រីហែលឆ្លងកាត់នៅក្នុងតំបន់មេគង្គ។ ការងារនេះក៏នឹងរួមចំណែកការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋនៅតាមជនបទក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃុន សាវឿន បានអំពាវនាវឱ្យបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ដែលត្រូវបានហាមឃាត់ និងចូលរួមអភិរក្សធនធានជលផលទាំងអស់គ្នា ដើម្បីធានាឱ្យពូជត្រីមានការកើនឡើង និងមាននិរន្តរភាពនៅថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…