ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ចំនួន៤ ដែលពាក់ព័ន្ធនឹងសន្តិសុខសង្គម បញ្ហាមនុស្សធម៌ និងស្ថានភាពសេដ្ឋកិច្ចជាតិ។
របៀបវារៈសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ រួមមាន៖
១- វឌ្ឍនភាពនៃការអនុវត្តការងារ និងទិសដៅបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងជាបញ្ហាប្រឈមសម្រាប់សន្តិសុខសង្គម និងសេដ្ឋកិច្ច។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលបំណងពង្រឹងប្រព័ន្ធច្បាប់ និងការអនុវត្តវិធានការក្នុងការទប់ស្កាត់បទល្មើសឌីជីថល។
៣- របាយការណ៍វឌ្ឍនភាពនៃការដោះស្រាយបញ្ហាជនភៀសសឹក ដែលជាបញ្ហាមនុស្សធម៌ និងសង្គមមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយ។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ដោយផ្អែកលើហានិភ័យថ្មីៗ ដែលកើតឡើងពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ ត្រូវបានគេចាត់ទុកថា ជាវេទិកាសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការពិនិត្យវឌ្ឍនភាពការងារ កំណត់ទិសដៅនយោបាយ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីធានាស្ថិរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ដោយ៖ KPS99TV











