ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអាហារការងារពេលព្រឹក និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម វីនស្តុន ភីធឺរ ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។
ក្នុងវិស័យនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងនូវែលសេឡង់។ ភាគីទាំងពីរ ក៏បានកត់សម្គាល់ដោយពេញចិត្តចំពោះការបន្តផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។
សម្រាប់ វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍ ភាគីទាំងពីរបានស្វាគមន៍ចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា នៅមានសក្តានុពលយ៉ាងច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែម។ ភាគីទាំងពីរក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងឱកាសនេះ កម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងវិស័យការអប់រំ និងទំនាក់ទំនងប្រជាជន និងប្រជាជន ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន ដែលជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់នូវែលសេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈកម្មវិធី Manaaki New Zealand Scholarships កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្ត្រីរាជការ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តស្ថានការណ៍ តំបន់ និងអន្តរជាតិ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍ការលើកកម្ពស់ទំនាក់ទំនង អាស៊ាន-នូវែលសេឡង់ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា រួមទាំងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀង AANZFTA និង RCEP។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភាគីនូវែលសេឡង់ អំពីការវិវត្តថ្មីៗ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់នូវែលសេឡង់ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
ក្នុងឱកាសទស្សនកិច្ចនេះផងដែរ ឯកឧត្តម ប្រាក់ សុខុន បានជួបសហគមន៍ខ្មែរ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសនូវែលសេឡង់ ដោយបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋខ្មែរ ក្នុងសង្គមពហុវប្បធម៌របស់ប្រទេសនេះ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្តែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ និងឯកឧត្តម វីនស្តុន ភីធឺរ ដែលបានរៀបចំការទទួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ភាគីទាំងពីរ បានសម្តែងជំនឿថា ទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ដោយ៖ KPS99TV





