ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងបរិស្ថានឱ្យរោងចក្រកែច្នៃស្វាយនៅកំពង់ស្ពឺបញ្ឈប់ការបង្ហូរទឹកកខ្វក់

KPS99TV

សេចក្តីសង្ខេប

ក្រោយចុះពិនិត្យថ្ងៃទី១៣ ខែមីនា ក្រសួងបានលើកឡើងពីការខ្វះលិខិតអនុញ្ញាត និងតម្រូវឱ្យរោងចក្រកែលម្អប្រព័ន្ធប្រព្រឹត្តកម្មទឹកនិងការគ្រប់គ្រងសំណល់។

ប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយកែច្លៃផ្លែស្វាយ ១កន្លែង នៅខេត្តកំពង់ស្ពឺ និងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ជាពិសេសនៅរដូវវស្សា។ ភ្លាមៗមន្រ្តីជំនាញនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមីនា បានចុះពិនិត្យរកឃើញរោងចក្រកែច្លៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចម្ងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេសនៅរដូវវស្សា។ មន្រ្តីជំនាញបរិស្ថានរកឃើញក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹងមាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់ឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់ នឹងទទួលរងនូវពិន័យអន្តរកាល ហើយក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នៅទីតាំងដែលទទួលរងការបំពុល។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវសម្អាតឱ្យបានស្អាតមុនបង្ហូរចេញ ដោយត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ព្រមទាំងត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជាការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែកពីគ្នា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…