ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ពោលគឺនៅថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសាខាងមុខ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរ ដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។
បន្ទាប់ពីប្រារព្ធពិធីប្រុងពលីសុំសេចក្ដីសុខ ដើម្បីរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦” នៅមុខរូបសំណាកលោកតាដំបងគ្រញូងរួចមក ឯកឧត្តម សុខ លូ បានអញ្ជើញដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិត និងពិនិត្យទីតាំងជាក់ស្តែងសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូន។
បើតាមឯកឧត្តមអភិបាលខេត្ត ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះ គឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត




