ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារកិត្តិយស និងមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះ នៅក្នុងពិធីអបអរសាទរ «ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥» ក្រោមប្រធានបទ «រួមគ្នាដើម្បីគ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ» នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រយុទ្ធ បង្ក្រាប និងសង្គ្រោះជនរងគ្រោះ ដោយមិនខ្លាចនឿយហត់។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ ពង្រឹងសមត្ថភាពមន្ត្រី លើកទឹកចិត្តគ្រប់មន្ទីរ-អង្គភាព ឱ្យបន្តកែលម្អរបៀបរបបការងារ និងសមត្ថភាពមន្ត្រីក្រោមឱវាទ។ កិច្ចសហការជិតស្និទ្ធ ជំរុញការអនុវត្តផែនការប្រចាំឆ្នាំ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ តាមដាន និងវាយតម្លៃ ត្រូវមានការវាស់វែងលទ្ធផលការងារឱ្យបានច្បាស់លាស់ តាមខែ ត្រីមាស និងឆ្នាំ។ គ្រប់គ្រងការធ្វើចំណាកស្រុក ពង្រឹងសុវត្ថិភាពលំហូរចំណាកស្រុកនៅតាមមូលដ្ឋាន និងបង្កើតឱកាសការងារក្នុងស្រុក ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរ វិស័យឯកជន យុវជន និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្តេជ្ញាចិត្តប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសក្នុងយុគសម័យឌីជីថល ហើយបានសង្កត់ធ្ងន់លើការបង្កើនចំណេះដឹងផ្នែកសុវត្ថិភាពបច្ចេកវិទ្យា ដើម្បីការពារខ្លួន និងសង្គមជាតិពីការកេងប្រវ័ញ្ច និងបទល្មើសឧក្រិដ្ឋផ្សេងៗ។
នៅក្នុងឱកាសនោះដែរ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានធ្វើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះសីហនុ ក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៥ ដែលលេខាធិការដ្ឋានបានចុះអប់រំផ្សព្វផ្សាយ និងរៀបចំវេទិកាសាធារណៈ ស្តីពីការរំលោភបំពានផ្លូវភេទ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន អនាម័យសុខភាពផ្លូវភេទ និងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សរុបចំនួន ២,៥៨៣ លើក។
ជាមួយគ្នានេះដែរ លេខាធិការដ្ឋានបានបន្តសហការជាមួយអាជ្ញាធរ និងអង្គការដៃគូ ក្នុងការផ្សព្វផ្សាយបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស ព្រមទាំងបង្ហាញកលល្បិចរបស់មេខ្យល់ឱ្យកាន់តែទូលំទូលាយ និងបន្តចុះផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និងចំណេះដឹង ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យយល់ច្បាស់ក្នុងការអនុវត្តការងារបន្ថែមទៀតផងដែរ។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត









