ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបដិសេធសំណើគណៈកម្មការព្រឹទ្ធសភាថៃដែលត្រូវបានរាយការណ៍ថាចង់លុប MoU ឆ្នាំ២០០០

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យកិច្ចការព្រំដែនបង្ហាញជំហរច្បាប់កម្ពុជា ចំពោះសំណើគណៈកម្មការព្រឹទ្ធសភាថៃដែលសារព័ត៌មានថៃរាយការណ៍។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធព័ត៌មានដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ ដែលបានលើកឡើងពីហេតុផល និងអនុសាសន៍ស្នើឱ្យលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី២៦មីនា បានបញ្ជាក់ថា ការលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ គឺជាការធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយផ្ទុយនឹងច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលនានាដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក។

បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានពន្យល់ថា MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពច្បាប់អន្តរជាតិ បានចុះហត្ថលេខារួច និងចុះបញ្ជីនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ហើយបង្កើតកាតព្វកិច្ចច្បាប់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។

អ្នកនាំពាក្យបន្ថែមថា បើតាមគោលការណ៍ច្បាប់អន្តរជាតិ ភាគីណាមួយមិនអាចយកច្បាប់ ឬនីតិវិធីផ្ទៃក្នុងរបស់ខ្លួន មកធ្វើជាមូលហេតុសម្រាប់លុបចោលកិច្ចព្រមព្រៀងអន្តរជាតិបានឡើយ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដូចដែលបានកំណត់ក្នុងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា។

អ្នកនាំពាក្យបញ្ជាក់ទៀតថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ អាចបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…