ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកវិនិយោគចិនគ្រោងវិនិយោគ៥លានដុល្លារកែច្នៃកាកសំណល់នៅកំពង់ស្ពឺ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តំណាងអ្នកវិនិយោគចិនបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺថ្ងៃទី២៦ ខែមីនា អំពីគម្រោងកែច្នៃកាកសំណល់ដំណាក់កាលដំបូងតម្លៃ៥លានដុល្លារ និងគ្រោងពង្រីកការវិនិយោគប្រសិនបើដំណាក់កាលនេះជោគជ័យ។

តំណាងឱ្យអ្នកវិនិយោគិនចិន ក្នុងឱកាសជួបសម្តែងការគួរសមជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ បានលើកឡើងថា អ្នកវិនិយោគិនពីប្រទេសចិន គ្រោងបោះទុនជំហានទី១ ចំនួន ៥ លានដុល្លារ ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលចេញពីរោងចក្រ និងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ។

លោក Lee តំណាងឱ្យអ្នកវិនិយោគចិន បានបន្ថែមថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ ដែលអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុនលោក។

គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការលុបបំបាត់បញ្ហាក្លិនស្អុយដែលបង្កឡើងដោយកាកសំណល់គរទុក ដែលជាបញ្ហាប្រឈមក្នុងតំបន់មួយចំនួន។ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញការនាំចេញផលិតផលជី ដែលផលិតបានក្នុងខេត្តនេះ ទៅកាន់ទីផ្សារអន្តរជាតិនៅតំបន់អាស៊ី ដែលនឹងជួយនាំចំណូលត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ។ ហើយក្នុងករណីដំណើរការជំហានទី១ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងពង្រីកទុនវិនិយោគរហូតដល់ ៥០ លានដុល្លារ បន្ថែមទៀត ជាជំហានទី២។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិន ដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ និងសហគ្រាសជាង ១,៦០០ កន្លែង និងមានកម្មករ កម្មការិនីប្រមាណជាង ៣០ ម៉ឺននាក់ បម្រើការងារ។ ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដំណាំស្វាយជិត ៥ ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយក្នុងការដាំដុះស្វាយនៅកម្ពុជា។ ចំពោះផ្ទៃដីដាំអំពៅ សរុបប្រមាណជាង ២ ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។ រីឯកសិដ្ឋានចិញ្ចឹមសត្វ មានជាង ៥០០ កន្លែង និងសហគមន៍ចិញ្ចឹមសត្វចំនួន ៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដីនៃការដាំដុះ និងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រង និងកែច្នៃកាកសំណល់របស់ក្រុមហ៊ុន ឱ្យដំណើរការបានដោយរលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមសម្របសម្រួលនីតិវិធីលើការងារ ដែលក្រុមហ៊ុនមានការរាំងស្ទះ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…