ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បានចុះសង្កេតការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានាជាមួយថៃ ខណៈកម្ពុជាទទួលស្វាគមន៍នាយទាហានបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមសម្របសម្រួលកម្ពុជា (CLG) បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់។
លោកជំទាវលើកឡើងថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តប្រចាំនៅកម្ពុជា។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពយូរអង្វែង៕
ដោយ៖ ង៉ែត ពិសាន្ត








