រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមអនឡាញមានបទល្មើសថ្មីចំនួន៥អាចផ្តន្ទាទោសធ្ងន់ធ្ងរបំផុត

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១០០០លានរៀល។ ការណ៍នេះដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកបច្ចេកវិទ្យា ត្រូវបានសមាជិកសភាកម្ពុជាអនុម័តក្នុងសំឡេង១១២សំឡេងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

បទល្មើសថ្មីទាំង៥នេះរួមមាន ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២. បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។

សេចក្ដីព្រាងច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា និងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចដាក់ប្រជុំពេញអង្គកាលពីចុងសប្ដាហ៍មុន ហើយបន្ទាប់ពីសភាអនុម័ត សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅពិភាក្សានៅព្រឹទ្ធសភាមួយដំណាកកាលទៀតមុនដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

រដ្ឋមន្ត្រីយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឡើងថ្លែងការពារច្បាប់នៅរដ្ឋសភាថា នេះជាការឈានមុខគេរបស់កម្ពុជាក្នុងពិភពលោក ដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់៕

ដោយ៖ ង៉ែត ពិសាន្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…