ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងទូលជម្រាបជូនព្រះញាតិវង្សានុវង្សនិងបងប្អូនជនរួមជាតិថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាព្រះអង្គមានព្រះរោគមហារីកក្រពេញប្រូស្តាត។
តាមវេជ្ជបញ្ជាដែលព្រះរាជសារលើកឡើង ព្រះអង្គត្រូវបន្តគង់ប្រថាប់នៅមន្ទីរពេទ្យសម្រាប់ព្យាបាលនិងថែរក្សាព្រះរាជសុខភាពរយៈពេលប្រមាណ១ដល់២ខែបន្ថែមទៀត ហើយមិនទាន់អាចយាងនិវត្តន៍មកមាតុប្រទេសបាននៅពេលនេះទេ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះអង្គនិងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ផ្ញើសេចក្ដីនឹករឭក និងបួងសួងសុំឱ្យគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្ដិសិទ្ធិនានា ប្រទានពរជ័យដល់សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ឱ្យមានសុខភាពល្អ សេចក្ដីសុខ និងជោគជ័យគ្រប់ប្រការ។
ព្រះអង្គក៏សម្ដែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងការព្រួយបារម្ភពីគ្រប់ភាគី។ ដោយ៖ សុខ ស៊ីណាន

រូបឯកសារ។

