ទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី១៥ ខែកក្កដាថា នៅព្រឹកថ្ងៃដដែល ក្នុងពិធីបើកកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅវិមានរដ្ឋសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកកាន់តែច្រើនដល់សន្តិភាពក្នុងតំបន់និងពិភពលោក។
កិច្ចប្រជុំ AIPA Caucus ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់អន្តរសភាអាស៊ាន AIPA ដែលពិភាក្សានិងពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលមហាសន្និបាត AIPA បានអនុម័តកាលពីឆ្នាំមុន។
កិច្ចប្រជុំនេះរៀបចំដោយរដ្ឋសភាកម្ពុជា និងប្រព្រឹត្តទៅនៅភ្នំពេញពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។
ក្នុងសុន្ទរកថា សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការកសាងមតិឯកភាពនិងកិច្ចខិតខំប្រឹងប្រែងរួម មានសារៈសំខាន់ក្នុងការកសាងប្រព័ន្ធអន្តរជាតិមួយដែលកាន់តែយុត្តិធម៌ សមហេតុផល និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ក្នុងដំណើរការនេះ ប្រទេសកំពុងអភិវឌ្ឍនិងប្រទេសលោកខាងត្បូង កំពុងដើរតួនាទីកាន់តែសំខាន់ ដោយចូលរួមយ៉ាងសកម្មក្នុងការរៀបចំវិធានអន្តរជាតិនិងការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល។
សម្តេចបានបញ្ជាក់ថា៖ «យើងត្រូវរួមគ្នាប្រឆាំងនឹងឯកតោភាគីនិយម អនុត្តរភាពនិយម និងការការពារនិយម ដែលធ្វើឱ្យខូចមូលដ្ឋាននៃអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ។ យើងត្រូវមានភាពក្លាហានក្រោកឈរឡើង ដើម្បីការពារគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើយើងមិនក្រោកឈរទេ តើនរណានឹងក្រោកឈរ?»។
AIPA មានសមាជិក១០ប្រទេស រួមមាន៖ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អត្ថបទ៖ Chenda Teyte
អ្នកកែសម្រួល៖ 赵毅



