គិតត្រឹមម៉ោង៨៖០០នាទីយប់ថ្ងៃទី១៨ ខែមេសា កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានក្រុមក្មេងទំនើង៩នាក់ហើយដែលធ្វើសកម្មភាពវាយនិងគប់រថយន្តសេរីទំនើប១គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែក ក្មេងទំនើងដែលពាក់ព័ន្ធហើយបន្តរត់គេចខ្លួន មេប៉ូលិសក្រុងភ្នំពេញ ប្រាប់ឱ្យចូលខ្លួនសារភាពជាបន្ទាន់ត្រឹមម៉ោង៧៖០០នាទីព្រឹកនេះ។
បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ៖ «ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ (ខ្ញុំទុករយៈពេលឱ្យចូលសារភាពត្រឹមព្រឹកស្អែកវេលាម៉ោង ៧៖០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ គិតមកដល់ម៉ោង ២០ ៖០០នាទីថ្ងៃទី១៨ ខែមេសា នេះ កំលាំងជំនាញយើងខ្ញុំតាមឃាត់ខ្លួនសរុបបាន០៩ នាក់ហើយ។ ករណីខាងលើជាបទល្មើសព្រហ្មទណ្ឌ(អ្នកមិនអាចរត់គេចខ្លួនមួយជីវិតបានទេ គឺសមត្ថកិច្ចជំនាញ តាមគ្រប់ពេលវេលា) សូមចេញពីខេត្តមកទាំងយប់មក។»។
ប៉ុន្តែទោះបីជាយ៉ាងណា មកដល់ម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមេសានេះ គេមិនទាន់ឃើញក្រុមក្មេងទំនើងចូលទៅសារភាពអស់នៅឡើយទេ។ តែយ៉ាងណា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី១៧ ខែមេសាថា មុខសញ្ញាក្មេងទំនើងដែលវាយនិងគប់រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបានអស់ហើយ។ ឯកឧត្តមអំពាវនាវទៅកាន់អាណាព្យាបាលឱ្យកូនក្មួយខ្លួនពាក់ព័ន្ធករណីនេះបញ្ជូនមកសារភាពជាបន្ទាន់។
គួរឱ្យដឹងថា ករណីពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមសមត្ថកិច្ចជំនាញ ហេតុការណ៍នេះ កើតឡើងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនឹងម៉ូតូ១គ្រឿង។ ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។ អ្នកបើករថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួនពីក្រោយ។ ភ្លាមៗខ្លួនក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបឡើយ ឃើញបែបនេះ អ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល រួចឡើងរថយន្តបើកចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍។
ក្រោយពីម្ចាស់រថយន្តរុញម៉ូតូខ្លួនផ្ដួល និងបើកចេញ ម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ បណ្ដាលឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខ និងក្រោយ។ ក្នុងហេតុការណ៍ ពលរដ្ឋដែលគប់រថយន្ត សមត្ថកិច្ច ក៏បាបចុះអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា៕
ដោយ៖ ង៉ែត ពិសាន្ត



