រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យផ្ទះភៀសសឹក បន្ទាប់ពីមានខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះពលរដ្ឋជាង ៦០០ ខ្នង ក្នុងខេត្តបន្ទាយមានជ័យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ដោយសារខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង ៦០០ ខ្នង ក្នុងស្រុកចំនួន ៦ និងឃុំចំនួន ៩ ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍លើកឡើងដូចនេះ នារសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹក តាមខ្នងផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ មានភ្លៀង និងខ្យល់កន្ត្រាក់ ក្នុងខេត្តបន្ទាយមានជ័យ។

ដោយឡែក ចំពោះផ្ទះបងប្អូនប្រជាពលរដ្ឋភៀសសឹក មានមួយចំនួនតូច ក៏មានការប៉ះពាល់ទៅលើដំបូល និងជញ្ជាំង ស្របពេលក្រុមការងារកំពុងពន្លឿនសកម្មភាពការងារសាងសង់។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឲ្យអាជ្ញាធរខេត្ត និងក្រុមការងារ ចុះពិនិត្យជូនប្រជាពលរដ្ឋ។

តាមរយៈការចុះជួបផ្ទាល់ជាមួយបងប្អូនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអរគុណចំពោះការយោគយល់របស់បងប្អូនភៀសសឹក និងតែងតែផ្តល់ព័ត៌មាន និងរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងជំរុញសកម្មភាពការងារខួងអណ្តូងទឹក សម្រាប់ប្រជាពលរដ្ឋភៀសសឹក ប្រើប្រាស់ឲ្យបានឆាប់រហ័ស៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…