រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រវត្តិកោះពស់៖ ពីកោះធម្មជាតិដាច់ស្រយាលទៅជាគោលដៅទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ កោះពស់ (Koh Pos) ស្ថិតនៅជិតឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ គឺជាកោះតូចមួយមានប្រវត្តិប្រែប្រួលគួរឱ្យចាប់អារម្មណ៍ ចាប់ពីតំបន់ធម្មជាតិដាច់ស្រយាលមកក្លាយជាតំបន់ទេសចរណ៍ឯកជនទំនើបក្នុងពេលបច្ចុប្បន្ន។ តើកោះនេះ មានប្រវត្តិបែបណា? ខាងក្រោមនេះ ជាប្រវត្តិកោះពស់ (Koh Pos)។

តាមប្រភពពីប្រជាជនមូលដ្ឋាន ឈ្មោះ “កោះពស់” ត្រូវបានហៅតាំងពីអតីតកាល ដោយសារតែតំបន់នេះធ្លាប់មានពស់រស់នៅច្រើន ជាពិសេសនៅក្នុងព្រៃឈើក្រាស់លើកោះ ដែលមិនសូវមានមនុស្សចូលទៅស្នាក់នៅ។ កោះនេះនៅពេលនោះមានលក្ខណៈធម្មជាតិពេញលេញ មិនទាន់មានការអភិវឌ្ឍន៍ ឬសំណង់ធំៗឡើយ ហើយត្រូវបានប្រើប្រាស់តែដោយអ្នកនេសាទក្នុងតំបន់សម្រាប់សម្រាកឬរកជីវភាពបន្តិចបន្តួច។ 

ចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០០០មក កោះពស់បានចាប់ផ្តើមមានការវិនិយោគអភិវឌ្ឍដោយវិស័យឯកជន ដោយមានការសាងសង់ស្ពានភ្ជាប់ពីដីគោកទៅកោះ ដែលធ្វើឱ្យការធ្វើដំណើរទៅមកកាន់តែងាយស្រួល។ បន្ទាប់មក គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ត្រូវបានអនុវត្ត ដោយមានការសាងសង់សណ្ឋាគារ និងសេវាកម្មកម្សាន្តផ្សេងៗ រួមទាំង Queenco Hotel & Casino ដែលបានធ្វើឱ្យកោះនេះក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៅតំបន់ឆ្នេរ។

បច្ចុប្បន្ន កោះពស់ត្រូវបានគេចាត់ទុកថាជាតំបន់ទេសចរណ៍ឯកជន ដែលមានការរៀបចំសេវាកម្មទំនើប ដូចជា សណ្ឋាគារ អាងហែលទឹក និងឆ្នេរសមុទ្រស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការអភិវឌ្ឍន៍នេះក៏នាំឱ្យមានការប្រែប្រួលលើបរិស្ថានធម្មជាតិដើមផងដែរ។

ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តព្រះសីហនុ បានលើកឡើងថា៖ “ការអភិវឌ្ឍកោះពស់ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងបង្កើនសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលជាមួយគ្នា ក៏ផ្តោតលើការធានាសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។”

បច្ចុប្បន្ន អាជ្ញាធរ និងភាគីពាក់ព័ន្ធបានបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចចូលទស្សនាកោះពស់បានកាន់តែងាយស្រួលជាងមុន តាមរយៈស្ពានភ្ជាប់ទៅកោះ និងការរៀបចំសន្តិសុខតាមតំបន់។ ភ្ញៀវអាចចូលទៅកម្សាន្ត តាមឆ្នេរ ឬប្រើប្រាស់សេវាកម្មមួយចំនួននៅតំបន់នោះបាន ទោះបីជាផ្នែកខ្លះនៅតែស្ថិតក្រោមការគ្រប់គ្រងឯកជន និងត្រូវគោរពតាមបទបញ្ជារបស់ម្ចាស់គម្រោងក៏ដោយ។

អ្នកជំនាញផ្នែកទេសចរណ៍បានវាយតម្លៃថា កោះពស់គឺជាគំរូមួយនៃការប្រែប្រួលពីធម្មជាតិទៅជាការអភិវឌ្ឍទេសចរណ៍ ដែលបង្កើនសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវការការគ្រប់គ្រងយ៉ាងតឹងរឹង ដើម្បីរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។

ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…